សម្តេចធិបតី ណែនាំក្រសួងកសិកម្ម ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការអភិរក្សធនធានជលផលធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតីបានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និង អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ឱ្យបង្កើនការចូលរួមការ ពារតំបន់គ្រប់គ្រងជលផល, កន្លែងអភិរក្សជលផល, ដីព្រៃលិចទឹក និង ដីព្រៃកោងកាងពីការទន្ទ្រានកាន់កាប់ ដោយចាត់វិធានការច្បាប់ម៉ឺងម៉ាត់ ព្រមទាំងជំរុញការដាំព្រៃលិចទឹក និង ព្រៃកោងកាងឡើងវិញ ដើម្បីផ្តល់ជម្រក សម្រាប់វារីសត្វគ្រប់ភេទ និង ថែរក្សាចីរភាពធនធានជលផល។
ជាមួយគ្នានេះសម្តេចធិបតី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, កងយោធពលខេមរភូមិន្ទ, គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាបន្តទប់ស្កាត់ និង បង្ក្រាប បទល្មើសនេសាទ ឱ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់ ព្រមទាំងចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះការផលិត, ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម។
ទន្ទឹមនិងនេះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និង សមុទ្រថែម ទៀត ដោយលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស និង នវានុវត្តន៍វារីវប្បកម្ម ព្រមទាំង បង្កាត់-ភ្ញាស់ពូជវារីជាតិកម្រប្រឈមនឹងការផុតពូជ និង ផលិតកូនត្រីពូជដែល មាន ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីធានាចីរភាពធនធានជលផល និង សន្តិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់វារីវប្បករ ព្រមទាំងកាត់បន្ថយការនាំចូល និងសម្ពាធមកលើធនធានជលផលធម្មជាតិ៕

