សម្តេច ស ខេង អនុញ្ញាតឲ្យ ឯកឧត្តម Ermenegido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យ ឯកឧត្តម Ermenegido Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ទីម័រ រហូតមកទល់បច្ចុប្បន្ន ជាពិសេស ដោយមានការចូលរួមចំណែកគាំទ្រ និងពូនជ្រំពី ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី។
សម្តេចក្រឡាហោម ក៏បានចូលរួមអបអរសាទរដល់រដ្ឋាភិបាលភិបាល និងប្រជាជនទីម័រ ដែល នាចុងឆ្នាំនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ប្រទេសទីម័រ នឹងក្លាយជាសមាជិកទី១១ នៃគ្រួសារអាស៊ាន។
សម្តេចក្រឡាហោម ក៏បានជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងបេកសកកម្មថ្មីនាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ រួមទាំង សម្តេចក្រឡាហោម ដែលបានជួយគាំទ្រនាពេលកន្លងមក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនទីម័រ លើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេស ការគាំទ្រដល់ប្រទេសទីម័រក្នុងការឈានទៅក្លាយជាសមាជិកគ្រួសារអាស៊ាននាពេលខាងមុខឆាប់ៗនេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ឯកឧត្តម នឹងបន្តបំពេញការងារគ្រប់បែបយ៉ាងជួយធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រ រាប់ទាំងវិស័យនយោបាយ សន្តិសុខ គណបក្សនយោបាយ ពាណិជ្ជកម្ម និង សេដ្ឋកិច្ច សង្គម កាន់តែរីកចម្រើនរឹងមាំថែមទៀត បើទោះជា ឯកឧត្តម នឹងបញ្ចប់ភារកិច្ចការទូតនៅកម្ពុជាក៏ដោយ និងដោយហេតុថា ឯកឧត្តម បានចាត់ទុកកម្ពុជាជាផ្ទះទី២។
មុននឹងបញ្ចប់ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពជូនពរ សម្តេចក្រឡាហោម ទទួលបានសិរីសួស្តី សុខភាពល្អ ដើម្បីបន្តចូលរួមចំណែកនៅក្នុងកាអភិវឌ្ឍកម្ពុជា ព្រមទាំងការពង្រឹងសាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រ កាន់តែរីចចម្រើនខ្លាំងថែមទៀត។

