សម្ដេចតេជោ៖ រយៈពេល ៥ខែដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាមេរិកកើន១៨%

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាមេរិកកើន១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាមេរិកកើន ១៧.៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។
សម្ដេចបានបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ដែលពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។
ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានបញ្ជាក់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ និងការទទួលបានគម្រោងវិនិយោគ នៅរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ។
សម្រាប់គម្រោងវិនិយោគដែលបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន ២៩០គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤.២ ពាន់លានដុល្លារអាមេរិកកើន ១.៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។
បើតាមសម្តេចតេជោ សន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ ដូច្នេះតាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើន ៥.២% ក្នុងឆ្នាំ២០២៥៕

