សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជានិងចិន កាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាតំណាងប្រជាជនចិនខេត្តក្វាងទុងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម លីវ យេសេង ( Lyu Yesheng) សមាជិកគណៈកម្មាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ ឯកឧត្តម លីវ យេសេង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកសំខាន់មួយនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដែកថែបឱ្យកាន់តែរឹងមាំ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជានិងចិន កាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើង ដោយថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន រួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ដែលបានឯកភាពគ្នាដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨” ដែលជាចក្ខុវិស័យ និងជាការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា-ចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនងនិងកិច្ចសប្រតិបត្តិការទ្វេភាគីក្នុងកម្រិតថ្មីមួយទៀត សំដៅសម្រេចបានការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅដើមឆ្នាំនេះនៅកម្ពុជា ឯកឧត្តមប្រធានាធិបតី និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរជា “សហគមកម្ពុជា-ចិន មានជោគវាសនាតែមួយនៅគ្រប់រដូវ ក្នុងយុគសម័យថ្មី។ កម្រិតទំនាក់ទំនងនេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ពិសេសខ្ពស់បំផុត នៃប្រទេសទាំងពីរក្នុងយុគសម័យថ្មី។ រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការតម្កល់ការអភិវឌ្ឍ និងផ្តោតលើប្រជាជនជាអាទិភាព និងការជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ។
ឯកឧត្តម លីវ យេសេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៅក្នុងឱកាសនេះ។
ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីគោលបំណងដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនចិនខេត្តក្វាងទុង និង រដ្ឋសភាកម្ពុជា ក៏ដូចជាដើម្បីជំរុញការវិនិយោគរវាងកម្ពុជានិងខេត្តក្វាងទុងឱ្យកាន់តែរីកចម្រើនឡើង។
ឯកឧត្តម បានយល់ស្របចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អនិងរឹងមាំ កម្ពុជានិងចិន ដែលមានតំាងពីយូរលុងមកហើយ។ ចំណងមិត្តភាពនេះបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។
ឯកឧត្តមបាន ក៏បានថ្លែងអរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលជាចំណែកយ៉ាងសំខាន់នៅក្នុងការចូលរួមដល់ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតបត្តិការ នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជាពិសេស សម្តេច បានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំកន្លងទៅ ដោយទទួលបានផ្លែផ្កាជាទីមោទនៈនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទំាងពីរ។
ឯកឧត្តម លីវ យេសេង បានជម្រាប សម្តេចប្រធានរដ្ឋសភា ថា ខេត្តក្វាងទុងជាខេត្តមួយដែលមានអ្នកវិនិយោគមកបណ្តាក់នៅកម្ពុជា ជាច្រើនវិស័យ ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ទំហំនៃការវិយោគរបស់ខេត្តក្វាងទុងនៅកម្ពុជាមានការកើនឡើងប្រមាណជា៣០% ក្នុងរយៈពេលចុងក្រោយនេះ។
ឯកឧត្តមប្រធានគណៈប្រតិភូបានលើកឡើងថាខេត្តក្វាងទុង ជាខេត្តមួយដែលមានការរីកចម្រើននាំមុខគេរបស់ប្រទេសចិន។ ជាមួយគ្នាឯកឧត្តមក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង នាពេលខាងមុខតាមពេលវេលាសមស្របណាមួយ។
សម្តេចរដ្ឋសភាធបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់អំពីការរីចម្រើនយ៉ាងខ្លំាងរបស់ខេត្តក្វាងទុង។ ខេត្តក្វាទុង ដែលសម្តេចប្រធានរដ្ឋសភា បានឈប់សម្រាកពេលឆ្លងកាត់ផ្លាស់ប្តូរជើងយន្តហោះកាលពីពេលធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំកន្លងទៅ។
ក្រៅពីការជំរុញការវិនិយោគនិងការទាក់ទាញអ្នកទេសចរពីខេត្តក្វាងទុងមកកម្ពុជាឱ្យកាន់តែច្រើនឡើង សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋនិយមថា សភាតំណាងប្រជាជនចិនខេត្តក្វាងទុងនិងគំាទ្រកម្ពុជាបន្ថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយហេតុថាវិស័យទំាងពីរនេះ សុទ្ធសឹងជាវិស័យអាទិភាព ជួយដល់ប្រជាពលរដ្ឋ ពីព្រោះថាទំាងការអប់រំនិងសុខភាពជាកត្តាចំបងក្នុងការជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

