នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន៖ តម្រូវការរបស់ថៃនៅពេលនេះ គឺត្រូវការមេដឹកនាំថ្មី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តម្រូវការរបស់ថៃនៅពេលនេះ គឺត្រូវការមេដឹកនាំថ្មី ហើយកម្ពុជាមិនព្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃឡើយ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានលើកឡើងថា ជំនាន់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ គឺកម្ពុជា-ថៃ បានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បន្តថា នៅពេលនេះថៃ ជម្លោះជាមួយប្រទេសផ្សេងទាំងអស់នៅជុំវិញប្រទេស, ព្រំដែនកម្ពុជាបិទក្រោយគេ ដោយថៃជាអ្នកបិទជាឯកតោភាគី។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ក៏បានបានទាយទុកមុនថា ក្នុងរយៈពេល៣ខែ ថៃនឹងមាននាយករដ្ឋមន្ដ្រីថ្មី ដោយតុលាការធម្មនុញ្ញាថៃ មិនត្រូវការមេដឹកនាំសព្វថ្ងៃនេះឡើយ៕

