នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន សង្ឃឹមថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយកម្ពុជាត្រៀមខ្លួនធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសង្ឃឹមថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយកម្ពុជាត្រៀមខ្លួនធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានលើកឡើងថា ឥឡូវប្រទេសថៃ កំពុងមានបញ្ហាជាមួយបណ្ដាប្រទេសទាំងអស់ជុំវិញព្រំដែនរបស់ខ្លួន ហើយឥឡូវមកមានបញ្ហាជាមួយកម្ពុជាទៀត។
នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បញ្ជាក់បន្ថែមថា នេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃនោះទេ ប៉ុន្តែស្ថានភាពនយោបាយក្នុងប្រទេសថៃ គឺនឹងធ្វើឱ្យប្រទេសថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី នៅពេលឆាប់ៗខាងមុខនេះ៕

