រុស្ស៊ីបើកការវាយប្រហារបែបថ្មី ជាមួយដ្រូនបំពាក់បច្ចេកវិទ្យាសម្ងាត់ពីអុីរ៉ង់

(បរទេស)÷ ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការពារដ្រូនអ៊ុយក្រែនបានរកឃើញសំណល់ដ្រូនថ្មីមួយ បន្ទាប់ពីការវាយប្រហារពីរុស្ស៊ីលើទីក្រុង។ ដ្រូននេះមានលក្ខណៈពិសេសខុសពីដ្រូនទាំងឡាយដែលធ្លាប់ប្រើក្នុងសង្គ្រាមនេះ ដោយសារតែបំពាក់ដោយបច្ចេកវិទ្យាថ្មីៗដូចជា៖ កាមេរ៉ាច្បាស់លាស់ ប្រព័ន្ធគណនាប្រើ AI បច្ចេកវិទ្យាប្រឆាំងការរំខានសញ្ញា (anti-jamming) និងអាចគ្រប់គ្រងពីចម្ងាយ។
អ្នកឯកទេសអ៊ុយក្រែនបានបញ្ជាក់ថា ដ្រូននេះពណ៌ស ខុសពីដ្រូនសម្បូរបែបរបស់រុស្ស៊ីដែលជាទូទៅមានពណ៌ខ្មៅ។ ភាគច្រើននៃស្លាកសញ្ញានៅលើដ្រូនគឺស្ទើរតែជាស្តង់ដារបស់អុីរ៉ង់។ វាគ្មានស្លាកណាមួយបង្ហាញថា ត្រូវបានផលិតដោយរុស្ស៊ីនោះទេ។
រុស្ស៊ីបានចាប់ផ្តើមផលិតដ្រូនផ្ទាល់ខ្លួននៅរោងចក្រ Alabuga ក្នុងតំបន់ Tatarstan បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយអុីរ៉ង់ក្នុងតម្លៃ $១.៧ ពាន់លាន ដុល្លារ។ ការផលិតនោះបានរីកចម្រើនរហូតដល់មានការកែលម្អបែបបច្ចេកវិទ្យាថ្មីៗ ដូចជា៖ បន្ថែមគ្រាប់បែក thermobaric បង្កើតដ្រូនបោកបញ្ឆោត និងប្រើម៉ាស៊ីន Jet នៅខ្លះ។
បច្ចេកវិទ្យាថ្មីៗនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ី ដើម្បីធ្វើឲ្យការវាយប្រហារលើអ៊ុយក្រែនកាន់តែមានប្រសិទ្ធភាព។ តាមការវិភាគដោយ AP បង្ហាញថា ភាគរយនៃដ្រូនរុស្ស៊ីដែលវាយប៉ះគោលដៅបានកើនពី ៦% ក្នុងខែវិច្ឆិកា ២០២៤ ទៅដល់ ១៦% ក្នុងខែមិថុនា ២០២៥។ នៅពេលខ្លះដល់ទៅ ៥០% ក្នុងមួយយប់។
យ៉ាងណា អ្នកវិភាគជឿថា ការវាយប្រហាររបស់អុីស្រាអែលលើរោងចក្រ និងមន្ទីរពិសោធន៍របស់អុីរ៉ង់ អាចធ្វើឲ្យការផ្គត់ផ្គង់បច្ចេកវិទ្យាដ្រូនទៅរុស្ស៊ីជួបការលំបាកនៅពេលអនាគត។
អត្ថបទពីកញ្ញា ហេង គីមជូ

