យោធាអ៉ីស្រាអែល វាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីន ៣៥នាក់នៅតំបន់ហ្កាហ្សា ភាគច្រើននៅឯកន្លែងផ្តល់ជំនួយ

ហ្កាហ្សា៖ បេីយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីសុខាភិបាលក្នុងតំបន់ បាននិយាយថា ការវាយប្រហារដោយយោធាអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣៥នាក់នៅតំបន់ហ្កាហ្សា នាថ្ងៃពុធនេះ ដែលភាគច្រើនគឺនៅឯកន្លែងផ្តល់ជំនួយ។
គ្រូពេទ្យនៅមន្ទីរពេទ្យ Shifa និង Al-Quds និយាយថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ត្រូវបានសម្លាប់ នៅពេលពួកគេចូលទៅជិតកន្លែងផ្តល់ជំនួយ នៅឯច្រក Netzarim ហើយរាប់សិបនាក់រងរបួស។ មនុស្ស ១០នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់យោធាអ៉ីស្រាអែល នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់។ ភ្លាមៗ យោធា អ៊ីស្រាអែលមិនមានការអធិប្បាយៗទេ។
គួរបញ្ជាក់ថា សង្គ្រាមហ្កាហ្សាបានផ្ទុះឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាស វាយឆ្មក់ចូលទឹកដីអ៉ីស្រាអែល ដោយចាប់ចំណាប់ខ្មាំង ២៥១នាក់ និងសម្លាប់មនុស្ស ១ ២០០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។ ចាប់តាំងពី ពេលនោះមក ប្រតិបត្តិការយោធារបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៥៥ ០០០នាក់ និងបំផ្លាញតំបន់នេះស្ទើរតែទាំងស្រុង៕
