សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក

បាត់ដំបង៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំដោយ លោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ចើញជួបសំណេះ សំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់សរុបចំនួន៤៧គ្រួសារ លើភូមិចំនួន៧ក្នុងឃុំចំនួន២ក្នុងស្រុកភ្នំព្រឹក ដែលបានរងគ្រោះកាលពីកន្លងបណ្តាលអោយរលំទាំងស្រុង ៨ខ្នងផ្ទះ,ប៉ើងដំបូលធ្ងន់ធ្ងរ៨ខ្នងផ្ទះនិងប៉ះពាល់ដោយអន្លើចំនួន៣១ខ្នងផ្ទះ។
ពិធីសំណេះ សំណាល នាឱកាសនេះមានការអញ្ជើញចូលរួមពីលោកលោកស្រីគណៈកម្មាធិការសាខា អនុសាខាស្រុកក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្តជាច្រើនរូបនៅបរិវេណសាលាឃុំបួរ។
ថ្លែងក្នុងឱកាសសំណេះសំណាលនាពេលនោះក្នុងនាមឯកឧត្តម សុខ លូ លោកអនុប្រធានាចិន្ត្រៃយ៍សាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាពេលនេះ។
លោក ផេង សិទ្ធី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែឈរនៅលើគោលការណ៍មនុស្សធម៌ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់បាយ ឬគ្មានទីជម្រក ដោយសារតែអាជ្ញាធរមិនបានដឹង ឬមិនបានដោះស្រាយនោះឡើយ» ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ, ចំណែកអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាត្រូវបាននាំយកមកចែកជូនក្នុងថ្ងៃនេះ បានជួយសម្រាលនូវការលំបាកចំពោះមុខ និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសាររងគ្រោះទាំងអស់។
ជាមួយគ្នានេះ លោកក៏មានមតិផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជា៖ សូមបងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានការប្រែប្រួលជាយថាហេតុ ជាពិសេសនៅក្នុងអំឡុង ពេលត្រៀមចូលនិងនៅក្នុងរដូវវស្សា។ សូមការពារសុវត្ថិភាពសមាជិកគ្រួសារ និងកុមារតូចៗ៖ នៅពេលមានភ្លៀងខ្យល់ខ្លាំង ត្រូវណែនាំកូនចៅឱ្យនៅក្នុងផ្ទះ ឬរកជម្រកដែលមានសុវត្ថិភាពខ្ពស់ ចៀសវាងការជ្រកក្រោម ដើមឈើធំៗ និងត្រូវបិទទូរស័ព្ទដៃ ឬឧបករណ៍អគ្គិសនី ដែលអាចបង្ករគ្រោះថ្នាក់ដោយសាររន្ទះបាញ់។ សូមថែរក្សាសុខភាព និងអនាម័យ៖ ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន ឬទឹកស្អាត ដើម្បីការពារជំងឺដង្កាត់ផ្សេងៗ ឬការប្រែប្រួលអាកាសធាតុភ្លាមៗ ឯកឧត្តមបានបន្តថា ទោះបីជាគ្រោះធម្មជាតិយើងមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់បន្ថយការខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិតបាន តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីសាមគ្គីភាព។
ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិជ្ជាសង្គ្រោះបឋម វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក សុវត្ថិភាពចរាចណ៍ផ្លូវគោកសរុបអ្នកចូលរួមចំនួន ៦៥នាក់ ស្រី ៣៨នាក់ផងដែរ៕

