កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ

សេអ៊ូល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ថាកូរ៉េខាងត្បូង និងចិនបានព្រមព្រៀងគ្នា ក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ។
ការព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចពិភាក្សាផ្នែកអាកាសចរណ៍ទ្វេភាគី នៅទីក្រុងសេអ៊ូលសប្តាហ៍នេះ នឹងបង្កើនចំនួនជើងហោះហើរដឹកអ្នកដំណើរប្រចាំសប្តាហ៍ ដែលពីមុនមាន ៦០៨ជើង ឱ្យដល់ចំនួន ៦៦៤ជើង រីឯជើងហោះហើរដឹកទំនិញប្រចាំសប្តាហ៍ ដែលពីមុនមាន ៥៤ជើង នឹងកើនដល់ ៦៨ជើង។
ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា ការបន្ថែមជើងហោះហើរមាននៅលើផ្លូវដែលមានតម្រូវការខ្ពស់ ដូចជាពីទីក្រុង Incheon ទៅកាន់ទីក្រុង Shanghai និងពីទីក្រុង Incheon ទៅកាន់ទីក្រុង Guangzhou។
ក្រៅពីនេះ ក៏មានជើងហោះហើរពីអាកាសយានដ្ឋានក្នុងតំបន់របស់កូរ៉េខាងត្បូង រួមទាំងទីក្រុង Busan និង Cheongju ទៅកាន់ទីក្រុងចំនួន១០ របស់ចិន ដូចជា Guangzhou, Chengdu, Shenzhen, Chongqing និង Xian ផងដែរ៕
