ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ប្រមាណជាង៥០ គ្រួសារ។
ពិធីបញ្ចុះបឋមសិលា និងសំណេះសំណាលសួរសុខទុក្ខនាពេលនេះ មានការចូលរួមពី ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយស ស.អ.ក, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប្រធាន ស.អ.ក ខេត្ត, អ្នកឧកញ៉ា ម៉ម វណ្ណឌី, លោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើននាក់។
ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បាននាំយកអំណោយរួមមានថវិកា និងគ្រឿងឧបភោគបរិភោគ និងបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណដល់សម្ដេចទាំងទ្វេ ដែលបាន និងបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនចូលនិវត្តន៍ ព្រមទាំងគ្រួសារអតីតយុទ្ធជនទាំងអស់ក្នុងខេត្តស្ទឹងត្រែង ជាពិសេសតែងតែផ្ដល់កិត្តិយស និងការគិតគូរសព្វបែបយ៉ាងក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់៕

