សម្តេចធិបតី៖ នៅថៃមានជនជ្រុលនិយម អំពាវនាវឱ្យចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុក ប៉ុន្តែការអំពាវនាវរបស់ក្រុមជ្រុលនិយមនេះ មិនមានការធ្វើតាមនោះឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា នៅថៃមានជនជ្រុលនិយម អំពាវនាវឱ្យចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុក និងឈប់លក់ទំនិញឱ្យខ្មែរប៉ុន្តែការអំពាវនាវរបស់ក្រុមជ្រុលនិយមនេះ មិនមានការធ្វើតាមនោះឡើយ។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារ ពិសោធន៍ និងសមិទ្ធផលនានា នៅខេត្តរតនគិរី នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី បានថ្លែងថា ការយកជម្លោះ ព្រំដែន កម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់ បញ្ហា។ តុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណា កម្ពុជានឹងទទួលយក។ សម្តេចថា កម្ពុជា មិនបោះបង់យន្តការទ្វេភាគីនោះឡើយ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
សម្តេចធិបតី បានថ្លែងថា កម្ពុជា ប្តឹងទៅកាន់តុលាការ ICJ ក៏ដូចជាការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV មិនមែនធ្វើតាមការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា តុលាការយុត្តិធម៌អន្តរជាតិ ICJ មានបណ្តឹងច្រើនណាស់សម្រាប់ដោះស្រាយ មិនមែនអង្គុយចាំតែដោះស្រាយរឿងរបស់កម្ពុជានោះទេ។ ការទទួលយកបណ្តឹង គឺគេពិនិត្យលើបញ្ហានោះល្អិតល្អន់ណាស់៕

