ប្រទេសដាណឺម៉ាកនឹងមិនព្រមចុះចាញ់នឹងសម្ពាធ «ដែលមិនអាចទទួលយកបាន» ពីសហរដ្ឋអាមេរិក ទាក់ទងនឹងការគ្រប់គ្រងលើដែនដី Greenland

បរទេស៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ថា ប្រទេសដាណឺម៉ាកនឹងមិនព្រមចុះចាញ់នឹងសម្ពាធ «ដែលមិនអាចទទួលយកបាន» ពីសហរដ្ឋអាមេរិក ទាក់ទងនឹងការគ្រប់គ្រងលើដែនដី Greenland ដែលមានស្វ័យភាពពាក់កណ្តាលនោះទេ ដោយព្រមានថា សិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន Greenland កំពុងស្ថិតក្នុងហានិភ័យ។
ថ្លែងក្នុងសុន្ទរកថាសម្រាប់ទិវាជាតិដាណឺម៉ាក លោកស្រី Frederiksen បានមានប្រសាសន៍ថា «ប៉ុន្មានខែថ្មីៗនេះ Greenland និងដាណឺម៉ាក បានទទួលរងសម្ពាធដែលមិនអាចទទួលយកបានពីសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង (សហរដ្ឋអាមេរិក)»។
លោកស្រីបានបន្ថែមថា គោលការណ៍ជាមូលដ្ឋានក្នុងទំនាក់ទំនងឆ្លងអាត្លង់ទិក ដូចជាអធិបតេយ្យភាពជាតិ ការគោរពព្រំដែន និងសិទ្ធិសម្រេចដោយខ្លួនឯងរបស់ប្រជាជន កំពុងស្ថិតក្នុងគ្រោះថ្នាក់។ «ប៉ុន្តែយើងមិនព្រមឱនក្បាលទេ… យើងជនជាតិដាណឺម៉ាកមិនធ្វើបែបនោះទេ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងកោះអាកទិកនេះ ដែលសម្បូរដោយធនធានរ៉ែ និងមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ ដោយមិនបានបដិសេធការប្រើកម្លាំង។
កាលពីខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance ក្នុងដំណើរទស្សនកិច្ចទៅកាន់ Greenland ក៏បានចោទដាណឺម៉ាកថា មិនបានបំពេញការងារល្អក្នុងការធានាសន្តិសុខនៅ Greenland ហើយថាសហរដ្ឋអាមេរិកអាចការពារដែនដីនេះបានល្អជាង។
មេដឹកនាំដាណឺម៉ាក និង Greenland បានបញ្ជាក់ថា មានតែប្រជាជន Greenland ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ខ្លួន ហើយរដ្ឋធម្មនុញ្ញដាណឺម៉ាកផ្តល់សិទ្ធិឲ្យកោះនេះស្វែងរកឯករាជ្យ។ កាលពីចុងខែមេសា ព្រះមហាក្សត្រដាណឺម៉ាក Frederik ក៏បានយាងទៅទស្សនកិច្ចនៅ Greenland ផងដែរ ដែលជាការបង្ហាញពីសាមគ្គីភាព។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឆ្នាំ ១៩៥១ រវាងអាមេរិក និងដាណឺម៉ាក ផ្តល់សិទ្ធិឲ្យអាមេរិកបង្កើតមូលដ្ឋានយោធានៅ Greenland។ កោះនេះមានធនធានរ៉ែ ប្រេង និងឧស្ម័នច្រើន ប៉ុន្តែការអភិវឌ្ឍមានភាពយឺតយ៉ាវ។ ការប្រកាសជំហរដ៏ម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រីដាណឺម៉ាក បានឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកការទូតដែលកំពុងកើនឡើង រវាងសម្ព័ន្ធមិត្តណាតូទាំងពីរ ជុំវិញអនាគតរបស់ Greenland៕
