សម្ដេចតេជោ នឹងកសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្រីក្រីក្រ ដែលមកបន្តការសិក្សានៅភ្នំពេញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងកសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្រី ក្នុងគ្រួសារក្រីក្រ មកពីបណ្តាខេត្តនានា ឡើងមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុនសែន ក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៥ សម្ដេចបានលើកឡើងដូច្នេះថា៖«បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេចយកដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន»។
សម្ដេចបន្តថា ការសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី ស្នាក់នៅចំនួន ៥០០នាក់ ត្រូវការបន្ទប់ចំនួន១២០បន្ទប់ ដោយក្នុង ១បន្ទប់ អាចស្នាក់នៅ ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ។ ជាមួយគ្នានេះ ក៏មានការរៀបចំកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។
ក្រោយការសាងសង់ហើយ សម្ដេចតេជោនឹងប្រគល់អន្តេវាសិកដ្ឋាននេះ ឱ្យក្រសួងកិច្ចការនារី គ្រប់គ្រងជាសម្បត្តិរដ្ឋហើយសម្ដេចសង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕

