សម្តេចតេជោ៖ កន្លែងដែលយោធិនបានពលីជីវិត ដោយសារទាហានថៃបាញ់កាលពីម្សិលមិញ គឺជាទឹកដីកម្ពុជាពិតប្រាកដ

ភ្នំពេញ៖ ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីសាលប្រជុំពេញអង្គនៃវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា កន្លែងដែលយោធិនបានពលីជីវិត ដោយសារទាហានថៃបាញ់កាលពីម្សិលមិញនោះ គឺជាទឹកដីកម្ពុជាពិតប្រាកដ ហេតុអ្វីដែលគេថាជាទឹកដីរបស់គេ ខណៈកាលពីជាង១០ឆ្នាំមុនសម្តេចបានទៅទស្សនា និងអង្គុយកន្លែងនោះដោយផ្ទាល់។
សម្តេចតេជោបានរំលឹកថា តំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី គឺជាទីលានប្រយុទ្ធគ្នាជាមួយថៃធំបំផុត ខណៈពេលនោះ សម្តេចបានធ្វើការបញ្ជាផ្ទាល់ពីគេហឋានសម្តេច នៅវិមានឯករាជ្យ តាមរយៈវីដេអូខនហ្វើរិន។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹកថា ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីកំឡុងឆ្នាំ២០០៨ និងឆ្នាំ២០១១នោះ គេមិនបានដឹងថា កម្ពុជាមានអាវុធធន់ធ្ងន់ ឬកាំភ្លើងធំនោះទេ ខណៈពេលនោះ កម្ពុជាមានការអត់ធ្មត់យ៉ាងខ្លាំង៕
