សាស្ត្រាចារ្យ ១២រូប មកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ ចាប់ផ្តើមតាក់តែងវិញ្ញាសាសរសេរលើកទី២ សម្រាប់ប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់

ភ្នំពេញ៖ វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២) កំពុងដំណើរការការតាក់តែង សម្រាប់ប្រឡងប្រជែងនាពេលរសៀល។
សាស្ត្រាចារ្យចំនួន ១២រូប ដែលមកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ កំពុងមានវត្តមាននៅក្នុងបន្ទប់តាក់តែងវិញ្ញាសា កំពុងរៀបចំ និងទទួលការណែនាំពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ពន្យល់បង្ហាញពីយន្តការការងារផ្សេងៗ ដែលបានកំណត់ក្នុងនិយាមនីតិប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
សូមជម្រាបថា វិញ្ញាសាសរសេរលើកទី២នេះ ជាប្រភេទវិញ្ញាសាអធិប្បាយ ចែកជា ២វគ្គ៖ វគ្គទី១ ជំនាញ/ឯកទេស (នីតិសាធារណៈ, នីតិឯកជន និងនីតិអន្តរជាតិ) និងវគ្គទី២ ចំណេះដឹងទូទៅ៕

