សម្ដេចធិបតី កោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដឹកនាំដោយឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធដែលបានខិតខំបំពេញការងារនេះ បានយ៉ាងល្អ។
សម្តេចបញ្ជាក់ថា កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នាដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហា មួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្មមានភាពស្មុគស្មាញដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេស ទាំងអស់សុទ្ធតែមានស្ថានភាពដូចៗគ្នា។ សម្តេច សង្ឃឹមថា កិច្ចចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន៕

