សម្តេចធិបតី ណែនាំឱ្យអាជ្ញាធរបន្តការងារដូចភ្លៀងរលឹមដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន ក្មេងទំនើង និងការនាំចូលចំណីអាហារដែលមានជាតិគីមី

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ជាពិសេស ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ។
សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដែលខិតខំអនុវត្តបានល្អនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
ទោះយ៉ាងណា សម្តេចបានណែនាំឱ្យបន្តការងារនេះដូចភ្លៀងរលឹមដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ។
បន្ថែមលើនេះ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្នដោយសារជំងឺឆ្លង។ ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕

