រដ្ឋធានីហាណូយ និងរាជធានីបាងកក គឺជាគោលដៅទេសចរណ៍បរទេសដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍

បរទេស៖ រដ្ឋធានីហាណូយ និងរាជធានីបាងកក គឺជាគោលដៅទេសចរណ៍បរទេសដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍។ យ៉ាងណា ទាំងហាណូយ និងបាងកក កំពុងជាប់ឈ្មោះជាកន្លែងក្លែងបន្លំ នៃការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសកម្រិតខ្ពស់បំផុត។ នេះបើយោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថាន Mastercard Economics ដែលត្រូវបានចុះផ្សាយដោយបណ្ដាញទូរទស្សន៍អាម៉េរិក CNBC កាលពីថ្ងៃពុធទី២១ ខែឧសភាម្សិលមិញ។
របាយការណ៍បង្ហាញថា នៅរាជធានីបាងកក សេវាកម្មជួលតាក់ស៊ី និងរថយន្តមានចំនួន៤៨ភាគរយ ប្រព្រឹត្តអំពើបោកប្រាស់ និងក្លែងបន្លំ ខណៈរាជធានីមួយនេះ ជាប្រភពនៃការបោកប្រាស់ទូទៅខ្លាំងបំផុតផ្តោតលើភ្ញៀវទេសចរបរទេស។
លើសពីនេះ ភ្ញៀវបរទេសជាច្រើនបានរាយការណ៍ថា ពួកត្រូវបានបោកប្រាស់ដោយអ្នកផ្តល់សេវាម្ហូបអាហារ ឬលក់កោរ(បោកបញ្ឆោត)ពួកគេស្រស់ៗ។ ជាមួយគ្នានោះ របាយការណ៍បានកត់សម្គាល់ និងណែនាំដល់អ្នកទេសចរថា៖«អ្នកធ្វើដំណើរទៅកាន់ទីក្រុងកានកុន (Cancun) នៅម៉ិកស៊ិក, រដ្ឋធានីហាណូយ នៅវៀតណាម, រដ្ឋធានីដាកា នៅបង់ក្លាដែស, និងរាជធានីបាងកក នៅប្រទេសថៃ សុំបង្កើនការប្រុងប្រយ័ត្ន ព្រោះកម្រិតនៃការបោកប្រាស់(ឬក្លែងបន្លំ)មានកម្រិតខ្ពស់ខ្លាំង»។
គួរបញ្ជាក់ផងដែរថា បាងកកជារាជធានីរបស់ប្រទេសថៃ ដែលមានអ្នកទៅទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០២៤ ជាមួយនឹងកំណត់ត្រាចំនួន ៣២,៤លាននាក់។
ចំណែកឯរដ្ឋធានីហាណូយទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦,៣៥លាននាក់ កាលពីឆ្នាំមុន កើនឡើង៣៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ យ៉ាងណា រដ្ឋធានីវៀតណាម ចិញ្ចឹមចិត្តទាក់ទាញភ្ញៀវទេសចរ ៣០លាននាក់នៅឆ្នាំ២០២៥នេះ ក្នុងនោះជនបរទេសត្រូវបានកំណត់ចំនួន៧លាននាក់យ៉ាងតិច៕
