លោក ដូណាល់ ត្រាំ បានអះអាងបន្ទាប់ពីហៅទូរសព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ី-អ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចារភ្លាមៗសម្រាប់ពន្លឺនៃបទឈប់បាញ់

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងបន្ទាប់ពីហៅទូរសព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន (Владимир Путин) ថា រុស្ស៊ី-អ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចារភ្លាមៗសម្រាប់ពន្លឺនៃបទឈប់បាញ់ ប៉ុន្តែវិមានក្រឹមឡាំងឆ្លើយថា «ដំណើរការនេះនៅត្រូវការពេលវេលា»។
យ៉ាងណា ប្រធានាធិបតីអាម៉េរិកបង្ហាញថា លោកមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយដៃគូអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មថ្មីដើម្បីដាក់សម្ពាធលើរបបមូស្គូនៅឡើយទេ។ នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ លើកឡើងថា លោកបានបញ្ជូនផែនការទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Володимир Зеленський) ក៏ដូចជាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ ក្រោយលោកជជែកជាមួយមេដឹកនាំរុស្ស៊ីតាមទូរសព្ទ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាភ្លាមៗឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀត នោះគឺការបញ្ចប់សង្រ្គាម»។ ជាមួយគ្នា លោកពូទីន បានថ្លែងអំណរគុណចំពោះលោក ត្រាំ សម្រាប់ការគាំទ្រការបន្តការចរចាដោយផ្ទាល់រវាងរដ្ឋធានីមូស្គូ-រដ្ឋធានីកៀវ។
ទន្ទឹមនឹងនេះ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា៖«យើងបានយល់ព្រមជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក ថា រុស្ស៊ីនឹងស្នើបទឈប់បាញ់ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែន លើកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត»។
មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន បានទាមទារឱ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ ខណៈ ត្រាំ ព្យាយាមបន្ទន់ចិត្ត លោក ពូទីន ដើម្បីជំរុញការប្តេជ្ញាចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃ ប៉ុន្តែមិនទាន់មានផ្លែផ្កាទេ គិតមកទល់ពេលនេះ។ ជាងនេះទៅទៀត លោក ហ្សេឡេនស្គី បានលើកឡើងក្នុងបណ្តាញសង្គម X ថា៖«អ៊ុយក្រែនត្រៀមខ្លួនសម្រាប់ការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ក្នុងទម្រង់ណាមួយដែលនាំមកនូវលទ្ធផល»។ យ៉ាងណា អ៊ុយក្រែន និងអ្នកគាំទ្ររបស់ខ្លួន បានចោទប្រកាន់រុស្ស៊ីជុំវិញការបរាជ័យក្នុងការចរចាសន្តិភាពដោយស្មោះត្រង់៕
