អភិបាលខេត្តតាកែវ ប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ គោលបំណងដ៏សំខាន់នេះគឺដើម្បីបង្កើតឱកាសការងារនៅជិតផ្ទះ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៥០០នាក់ នៅសាលាបឋមសិក្សាព្រៃជួរ ឃុំពរពេល ស្រុកត្រាំកក់ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពដ៏រឹងមាំ ខេត្តតាកែវ កំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ រោងចក្រ សហគ្រាស បើកកាន់តែកៀនលំនៅដ្ឋានរបស់ពួកគាត់ សន្តិភាព គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្កើតការងារ។
ឯកឧត្ដម បានបន្ថែមថា បើគ្មានសន្តិភាពទេ នោះក៏មិនមានរោងចក្រ សហគ្រាសកើតឡើងដែរ។ ស្ថិរភាព និងសន្តិសុខជាតិ បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត។
ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូន កូនក្មួយដែលជាកម្មករ និយោជិតទាំងអស់ និងបានលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីចូលរួមចំណែកកសាងខេត្តតាកែវឱ្យកាន់តែរីកចម្រើនសម្បូរសប្បាយ។
បើតាមរបាយការណ៍របស់លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ខេត្តតាកែវ នាពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស សរុបចំនួន៧៦៩រោងចក្រហ សហគ្រាស កម្មករនិយោជិតសរុបចំនួន ១១១.៩៦៨នាក់ ស្រី ៧៩.៦១០នាក់ ក្នុងនោះ រោងចក្រវាយនភ័ណ្ឌកាត់ដេរចំនួន១១៥រោងចក្រ រោងចក្រ សហគ្រាសក្រៅពីកាត់ដែរចំនួន ៤៥៥កន្លែង ផ្នែកសេវាកម្ម ចំនួន ១៩៥កន្លែង សិប្បកម្មផលិតឥដ្ឋ៤កន្លែង៕

