សម្តេចធិបតី បង្ហើបឲ្យដឹងថា មានជនបោកប្រាស់ម្នាក់ ក្លែងបន្លំរតាមតេឡេក្រាម ដើម្បីសុំលុយពីសម្តេច

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឲ្យដឹងថា មានជនបោកប្រាស់ម្នាក់ បានក្លែងបន្លំធ្វើជាប្អូនជីដូនមួយរបស់សម្តេច បានផ្ញើសារតាមបណ្តាញតេឡេក្រាម ដើម្បីស្នើសុំលុយពីសម្តេច កាលពីពេលកន្លងមក។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និង សមិទ្ធផលនានា នៅវត្តស្វាយពពែ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ។
បើតាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយសារមានសង្ស័យ ទើបសម្តេចបានស្នើឲ្យផ្ញើសារមកនោះបញ្ចេញជាសំឡេង ប៉ុន្តែខាងជនអនាមិកនោះ មិនព្រមបញ្ចេញសំឡេងនោះទេ។
សម្ដេចធិបតី មើលឃើញថា នៅក្នុងសង្គមជាតិ តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃប្រព័ន្ធ AI ខណៈប្រព័ន្ធនេះមានជនខិលខូចកំពុងវាយលុកលើបណ្ដាញទូរគមនាគមន៍ និងព័ត៌មាន បង្កើតព័ត៌មានកន្លែងក្លាយ និងការឆបោក ៕


