ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២១ គ្រួសារ នៅស្រុកស្រែអំបិល ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥លោកជំទាវមិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយលោកស្រី ឈី វ៉ា សមាជិកគណៈកម្មាធិការសាខា សហការជាមួយលោក ម៉ាស់ សុជា តំណាងអនុសាខា ស្រុកស្រែអំបិល និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌របស់សាខា អនុសាខាផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ២១គ្រួសារ ស្មើនឹង២១ខ្នងផ្ទះ ក្នុងនោះបណ្តាលឱ្យខូចខាតទាំងស្រុង៣ខ្នងផ្ទះ ស្ថិត នៅឃុំជីខលើ និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
មានប្រសាសន៍នាឱកាសនោះលោកស្រី ឈី វ៉ា សមាជិកគណៈកម្មាធិការសាខា បាននាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ កជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន បងប្អូន ប្រជាពលរដ្ឋ រងគ្រោះដោយក្តីនឹករឭកអាណិតអាសូរ និងសូមចូលរួមរំលែកនូវការសោកស្តាយ ជាមួយបងប្អូនដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និង ផ្ទះសម្បែងដោយសារគ្រោះធម្មជាតិនេះ។
គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកាផ្ទះខូចខាតទាំងស្រុង ចំនួន១លាន រៀល និងគ្រួសាររងគ្រោះដោយអន្លើ ១៧គ្រួសារ ថវិកា ៦ម៉ឺនរៀលដូចៗគ្នា ។ដោយឡែកអនុសាខាទឹកសុទ្ធ១យួរ ព្រមទាំងថវិកា៥ម៉ឺនរៀលដូចៗគ្នាផងដែរ៕

