សម្ដេចធិបតី៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន គឺនៅជាមួយពលរដ្ឋជានិច្ច មិនដែលរត់ចោលពលរដ្ឋឡើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា មិនថាឡើយសង្គ្រាមជាមួយកូវីដ-១៩ ឬសង្គ្រាមពាណិជ្ជកម្ម, រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន គឺនៅជាមួយប្រជាពលរដ្ឋជានិច្ច មិនដែលរត់ចោលប្រជាពលរដ្ឋឡើយ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងឆ្នាំ២០២៥ នេះពន្ធគយទទួលបាន ចំណូលជិតម្ភៃលានដុល្លារក្នុងមួយថ្ងៃ។ ចំណូលពន្ធគយនេះមួយចំនួនបានមកពីពលរដ្ឋទិញរថយន្ត លក្ខណៈគ្រួសារយកទៅប្រើប្រាស់។ នេះបញ្ជាក់ឱ្យឃើញថា ពលរដ្ឋកម្ពុជាបន្តមានជីវភាពធូរធារ ហើយកម្ពុជាក៏បន្តមានកំណើនសេដ្ឋកិច្ចផងដែរ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ផ្លូវគឺជាអាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតមកដល់អាណត្តិទី៧នេះ ហើយផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះការរៀបចំតភ្ជាប់ផ្លូវគឺជាយុទ្ធសាស្រ្ដសំខាន់ណាស់សម្រាប់ការពង្រាយសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជា ៕

