សម្តេចធិបតី៖ រាជរដ្ឋាភិបាល លើកកម្ពស់សិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់សហជីព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ក៏ខិតខំលើកកម្ពស់សិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់សហជីព និងអនុសញ្ញាអន្ដរជាតិខាងការងារ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ខិតខំលើកកម្ពស់សិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់សហជីព និងអនុសញ្ញាអន្ដរជាតិខាងការងារ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ ចំនួន៦.៦០០ ក្នុងនោះ សហជីពមាន ចំនួន៤២, សហព័ន្ធសហជីព ចំនួន២៨១, សហជីពមូលដ្ឋាន ចំនួន៦.២៦៥ និងសមាគមនិយោគជក ចំនួន១២។
ជាមួយគ្នានេះ សម្ដេចធិបតី បានបន្ថែមទៀតថា ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយុទ្ធការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលារ។ ជាក់ស្ដែងក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ អត្រាផ្សផ្សានៃវិវាទការងារ នៅកម្រិតក្រសួង គឺបានកើនឡើង ៨៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានត្រឹមតែ ៨៤%ប៉ុណ្ណោះ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះការងារយកចិត្តទុកដាក់ និងការខិតខំរបស់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕

