ឯកឧត្ដម កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល លើវិស័យការពារជាតិ ឱ្យបានរឹងមាំ

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃ១៣ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើង លេខ៤២ បានក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល លើវិស័យការពារជាតិ ឱ្យបានរឹងមាំ និងទទួលបានជោគជ័យ ជូនជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្ដម កែវ រតនៈ បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នាយពលនគបាល ដើម្បីអបអរសាទរ ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខដ៏ខ្លី។
ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ បានស្វាគមន៍និងថ្លែងអំណរគុណចំពោះ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងប្រតិភូរួមដំណើរ ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់កងទ័ព និងគ្រួសារ សបញ្ជាក់ឱ្យឃើញច្បាស់ អំពីការគិតគូរ និងជួយសម្រួលដល់ជីវភាពរបស់កងទ័ព។ ឧត្តមសេនីយ៍ត្រី នាក់ វង្ស បានជម្រាបជូន អំពីសកម្មភាពការណ៍ថ្មីៗនៅទិសប្រាសាទតាមន្ត និងប្តេជ្ញាចិត្តរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបង្កា និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ យ៉ាងម៉ឺងម៉ាត់។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ នៃកងពលតូចថ្មើរជើងលេខ៤២និងអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា សម្តេចបវរធិបតី បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើន ដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើន ជីវភាពកាន់តែធូរធារ។ ហេតុនេះហើយបានជារាជរដ្ឋាភិបាល ក៏ដូចក្រសួងការពារជាតិ បានអនុវត្តកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាបាន នូវកិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព រក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកកម្ពស់ស្មារតី គោរពបទបញ្ជា លក្ខន្តិកៈ វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។ កងទ័ពគ្រប់រូប ត្រូវទទួលយកនូវរាល់បទពិសោធន៍ និងគំនិតជាវិជ្ជមានថ្មីៗ មកធ្វើការត្រិះរិះពិចារណា ត្រូវមានគុណធម៌ សិលធម៌រស់នៅល្អ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីឈានទៅសម្រេចជោគជ័យគ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ និងការពារដាច់ខាតមិនឱ្យមានសកម្មភាព ដែលបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គមជាតិ និងរាល់ការប៉ុនប៉ងទាំងឡាយណា ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពឱ្យបានល្អ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកអំណោយ ដែលបានមកពីការចូលរួមឧបត្ថម្ភ របស់ក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា, អ្នកស្ម័គ្រចិត្តនិយោជិតអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ផ្តល់ជូនអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ រួមមាន៖ មី, ទឹកត្រី និងទឹកស៊ីអ៉ីវ, ប៊ីចេង, ត្រីខ F4, ឆៃប៉ុវផ្អែម, ត្រីងៀត, សាច់ក្រក, ប្រហុក, ទឹកក្រូច, ទឹកសុទ្ធ, ស្រាបៀ, បុីចេង និងថវិការមួយចំនួនទៀតសម្រាប់ជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលឈានចូលមកដល់នាពេលខាងមុខនេះ ៕

