ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជាមិនចង់មានសង្គ្រាម ជាមួយប្រទេសណាទេ ប៉ុន្តែបើគេបំពានដោយអាវុធ កម្ពុជានឹងតបតដោយមិនញញើតនោះឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសណានោះទេ ប៉ុន្តែបើគេបំពានដោយអាវុធ កម្ពុជានឹងតបតដោយមិនញញើតនោះឡើយ ។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ មីនានេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ប្រសិនបើមានការឈ្លានពានកម្ពុជា កម្ពុជារក្សាសិទ្ធិនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារជាតិ ការពារបូរណភាពទឹកដី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អំឡុងកម្ពុជាទើបមានសន្តិភាពពេញលេញក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ កម្ពុជាក៏មានចម្បាំងមួយចំនួនជាមួយប្រទេសជិតខាងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ផងដែរ ក្នុងនោះមានដូចជានៅឆ្នាំ២០០៨ និង ២០១១ ជាដើម។
សម្ដេចធិបតីបានរំលេចបន្ថែមថា «កម្ពុជាមិនមាត់ មិនកនោះឡើយ តែត្រៀមខ្លួនជានិច្ច»។
សម្ដេចមហាបវរធិបតី ថ្លែងថា យើងបានកសាងផ្លូវនៅតាមតំបន់ព្រំដែនទាំងអស់ ដើម្បីពលរដ្ឋងាយស្រួលនៅក្នុងការប្រើប្រាស់ បង្កើនជីវភាព និងការពារតំបន់ព្រំដែន ៕

