ជនបរទេស២៥៨នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួនក្នុងទីតាំងអគារ Call Center មេគង្គ៧៤ ក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ

ភ្នំពេញ៖ យ៉ាងហោចណាស់មានជនបរទេស២៥៨នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួនក្នុងទីតាំង ក្នុងអគារ Call Center មេគង្គ៧៤ ស្ថិតនៅភូមិសាស្ត្រក្រុងសែនមនោរម្យ មណ្ឌលគិរី កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោយសមត្ថកិច្ចទទួលបានព័ត៌មានថា មានការបង្ខិតបង្ខំអ្នកដទៃឱ្យធ្វើការងារ ហើយថែមទាំងហិង្សាផងដែរ។ បើតាមសមត្ថកិច្ច អ្នកបង្កហិង្សានោះ មាន១៤នាក់ គឺជនជាតិចិន៧នាក់ និងមីយ៉ាន់ម៉ា៧នាក់។
លទ្ធផលក្នុងការបង្ក្រាបនេះ កម្លាំងជំនាញ បានឃាត់ជនបរទេស២៥៨នាក់ ក្នុងនោះមានជនជាតិចិន២៤៧នាក់ មីយ៉ាន់ម៉ា៩នាក់ ម៉ាឡេស៊ី១នាក់ និងវៀតណាម១នាក់។ បច្ចុប្បន្នជនរងគ្រោះត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីសាកសួរ។ ជនជាតិចិន និងមីយ៉ាន់ម៉ាទាំង១៤នាក់ ដែលប្រើហិង្សា ក៏ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដែរ ដើម្បីរៀបចំចំណាត់ការតាមច្បាប់។ ចំណែកជនបរទេស២៤៣នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី ៕

