តុលាការកូរ៉េខាងត្បូង លុបចោលដីកាចាប់ខ្លួន លោក យូន ស៊ុកយ៉ុល

សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង បានលុបចោលដីកាចាប់ខ្លួន លោក យូន ស៊ុកយ៉ុល នៅថ្ងៃសុក្រទី៧ ខែមីនា ខណៈ លោក យូន មានទឹកមាត់លេប និងក្ដីសង្ឃឹមខ្ពស់ក្នុងការដើរចេញពីពន្ធនាគារ បន្ទាប់ពីការចាប់ខ្លួនកាលពីពាក់កណ្តាលខែមករា ពីបទបះបោរជុំវិញការអនុម័តច្បាប់អាជ្ញាសឹករយៈពេលខ្លី។
តុលាការកូរ៉េខាងត្បូង អះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សេចក្ដីសម្រេចរបស់ខ្លួន គឺផ្អែកលើពេលវេលានៃការចោទប្រកាន់ដែលបានកើតឡើង បន្ទាប់ពីរយៈពេលនៃការឃុំខ្លួនដំបូងបានផុតកំណត់ ជាមួយនឹងការសួរចម្លើយអំពីភាពស្របច្បាប់នៃដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងភ្នាក់ងារពីរដាច់ដោយឡែកពីគ្នា។ គេមិនភ្លេចទេ កាលពីថ្ងៃទី១៥ ខែមករា លោក យូន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានគេចាប់ខ្លួនពីបទឧក្រិដ្ឋ បន្ទាប់ពីប៉ុន្មានថ្ងៃនៃការប្រឈមមុខដាក់គ្នាយ៉ាងកក្រើករវាងឆ្មាំប្រធានាធិបតី និងអាជ្ញាធរ។
មេធាវីរបស់លោក យូន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«សេចក្ដីសម្រេចរបស់តុលាការក្នុងការលុបចោលដីការចាប់ខ្លួននេះ បានបង្ហាញពីភាពរស់រវើកនៃនីតិរដ្ឋរបស់ប្រទេសនេះ»។ មេធាវីរូបនេះបន្ថែមថា លោក យូន ប្រហែលជាមិនត្រូវបានដោះលែងភ្លាមៗទេ ព្រោះរដ្ឋអាជ្ញាអាចប្តឹងឧទ្ធរណ៍បាន។
ក្រុមមេធាវីការពារក្ដីលោក យូន អះអាងថា ដីកាដែលបានចេញកាលពីថ្ងៃទី១៩ ខែមករា ក្នុងការបន្តការឃុំខ្លួនលោក យូន គឺមិនត្រឹមត្រូវទេ ពីព្រោះសំណើដែលដាក់ដោយរដ្ឋអាជ្ញាមិនត្រឹមត្រូវតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយ លោក យូន នៅតែប្រកាន់ជំហរថា ការអនុម័តច្បាប់អាជ្ញាសឹកថ្ងៃទី៣ ខែធ្នូ របស់លោក គឺចាំបាច់ដើម្បីការពារប្រទេសពីកលិយុគ។ លើសពីនេះ លោកបានអះអាងថា លោកមិនដែលមានបំណងគ្រប់គ្រងកម្លាំងយោធាក្នុងគ្រាអាសន្នយ៉ាងពេញលេញនោះទេ៕

