សម្ដេចធិបតី៖ ការជជែកគ្នាដោយសន្តិវិធី ជាដំណោះស្រាយល្អ នាំឱ្យមានភាពសុខដុមក្នុងសង្គម ប្រសើរជាងការជេរគ្នា ដែលបង្ហាញពីភាពអសីលធម៌ក្នុងសង្គម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការជជែកគ្នាដោយសន្តិវិធីជាដំណោះស្រាយល្អ នាំឱ្យមានភាពសុខដុមក្នុងសង្គម ប្រសើរជាងការជេរប្រទេចគ្នា ដែលបង្ហាញឱ្យឃើញពីភាពអសីលធម៌ក្នុងសង្គម ។
ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី” នាល្ងាចថ្ងៃទី៥ មីនានេះ សម្ដេចមហាបវរធិបតី បានមានប្រសាសន៍ថា រាល់ការធ្វើសកម្មភាពណាមួយ សុំគិតពីការប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមរវាងមនុស្ស និងមនុស្ស ជាពិសេសត្រូវគិតដល់សេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាល់បញ្ហាដែលកើតមានឡើងផ្ទាល់ខ្លួន សុំស្វែងរកវិធីដោះស្រាយតាមរយៈការជជែកពិភាក្សាជាមួយគ្នា និងមិនគួរបង្ហោះក្នុងបណ្ដាញសង្គមនានាដើម្បីដោះស្រាយបញ្ហា ឬ ហៅសាច់ញាតិមកដោះស្រាយ ឬអាងអ្នកនេះ អ្នកនោះនោះទេ ៕

