រដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយបញ្ហានានា ឱ្យបានទាន់ពេលវេលា។
ការថ្លែងបែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តអ្នកដែលចូលរួម ដើម្បីពិភាក្សាគ្នាឱ្យបានផុសផុស ទស្សនៈបងប្អូន គឺយើងស្វាគមន៍ ធាតុផ្សំនីមួយៗគឺយើងត្រូវជជែកគ្នា ជាប្រទេសរបស់យើងទាំងអស់គ្នា រដ្ឋាភិបាលគឺស្តាប់ប្រជាពលរដ្ឋ ស្តាប់អ្នកជំនាញដើម្បីរកវិធីដោះស្រាយ យើងស្តាប់ប្រជាពលរដ្ឋនូវអ្វីដែលគាត់ត្រូវការ យើងស្តាប់អ្នកជំនាញថាជួយគ្នាដោះយ៉ាងម៉េច។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា ត្រូវការឱ្យមានការចូលរួមពីគ្រប់វិស័យ មន្ត្រីរាជការពីអ្នកស្រាវជ្រាវ ពីវិស័យឯកជន រួមទាំងប្រជាពលរដ្ឋផងដែរ។ ដើម្បីធ្វើជាមជ្ឈមណ្ឌលសមារហរណកម្ម នៃគោលគំនិតទាំងអស់ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយនានាឱ្យបានទាន់ពេលវេលាជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿជឿជាក់ថាសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយផ្លែផ្កា ៕

