មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់មូលដ្ឋានប្រជាពលរដ្ឋ និងតាមបណ្ដាសាលារៀន

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់មូលដ្ឋានប្រជាពលរដ្ឋ និងតាមបណ្ដាសាលារៀន ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក។
ការលើកឡើងរបស់ ឯកឧត្តម ប៊ុន ហុន នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរងខេត្តបន្ទាយមានជ័យ ដើម្បីបំពេញបន្ថែមរចនាសម្ព័ន្ធ របស់រដ្ឋបាលខេត្ត ដោយតែងតាំងលោក ឃូ ពៅ ពីអភិបាលស្រុកព្រះនេត្រព្រះ មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ដែលត្រូវផុតអាណត្តិ។
ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការ និងកងកម្លាំងគ្រប់ប្រភេទ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្ដម ប៊ុន ហុន បានជំរុញទៅដល់រដ្ឋបាលខេត្ត ក្នុងការពិនិត្យនូវវត្តមានរបស់មន្ត្រីរាជការរបស់ខ្លួន ក្នុងពេលបំពេញកិច្ចការងារ ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ស្ដីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល មន្ត្រី កិច្ចសន្យា ដើម្បីធានាបានថា មន្ត្រីដែលមានឈ្មោះក្នុងបញ្ជីបើកប្រាក់បៀវត្ស មានវត្តមានគ្រប់ចំនួនតាមពេលបំពេញការងារ ព្រមទាំងយកចិត្តទុកដាក់ពង្រឹងការអនុវត្តនូវលក្ខខណ្ឌការងាររបស់មន្ត្រីរាជការម្នាក់ៗ ស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ត្រូវខិតខំពង្រឹងការគ្រប់គ្រងមន្ត្រីរាជការឱ្យអនុវត្តការងារដោយធ្វើខុសត្រូវ គោរពវិន័យ សីលធម៌ និងមនសិការវិជ្ជាជីវៈ ព្រមទាំងកសាងសមត្ថភាពដល់មន្ត្រីរាជការឱ្យសមស្របតាមការអនុវត្តការងារ និងបច្ចេកវិទ្យាឌីជីថល រហូតដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានធ្វើការជំរុញនិងណែនាំដល់គណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់មូលដ្ឋានប្រជាពលរដ្ឋ និងតាមបណ្ដាសាលារៀនដល់សិស្សានុសិស្សឱ្យ បានយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរណ៍ ដើម្បីឱ្យពួកគាត់ចូលរួមគោរពច្បាប់ឱ្យបានល្អ រួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមាន។
ឯកឧត្ដមរដ្ឋលេខាធិការ បានបន្ដថា មិនត្រឹមតែប៉ុណ្ណោះ ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធបន្តចុះអប់រំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យចូលរួមសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ការបង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋាន ដែលកិច្ចការងារនេះសម្រេចទៅបានលុះត្រាតែមានកិច្ចសហការពីប្រជាពលរដ្ឋ នៅមូលដ្ឋានរាយការណ៍មកសមត្ថកិច្ច ទើបយើងធ្វើការបង្ក្រាបបានទាន់ពេលវេលា ៕

