ថៃ និងអាមេរិក បើកសមយុទ្ធយោធាពស់វែកមាសឆ្នាំ២០២៥

បាងកក៖ ឧត្តមសេនីយ៍ សុងវិត នួនភក្តី (Songwit Noonpakdee) អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ រួមជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសថៃ លោក រ៉ូប៊ឺត ហ្វ្រែង ហ្គូដេក (Robert Frank Godec) និងលោកឧត្តមសេនីយ៍រ៉ូណាល់ ក្លាក (Ronald Clark) មេបញ្ជាការកងទ័ពជើងគោកអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានអញ្ជើញបើកសមយុទ្ធយោធាពស់វែកមាសឆ្នាំ២០២៥ នៅទីលានហ្វឹកហាត់ Ruam Roeng Chai ក្នុងជំរំ Suranaree ខេត្ត នគររាជសីមា កាលពីថ្ងៃអង្គារទី២៥ ខែកុម្ភៈ។ ឯកអគ្គរដ្ឋទូត និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសដែលមានវត្តមានក្នុងលំហាត់សឹកនេះ ក៏បានចូលរួមក្នុងពិធីនេះផងដែរ។
សមយុទ្ធយោធាពស់វែកមាស គឺជាសមយុទ្ធយោធាពហុជាតិចំណាស់ជាងគេ និងធំជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយកងទ័ពភូមិន្ទថៃ និងទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក។ ឆ្នាំនេះ គឺជាសមយុទ្ធលើកទី៤៤ ដោយមានប្រទេសចូលរួមសំខាន់ៗចំនួន៧ រួមមាន៖ ម្ចាស់ផ្ទះថៃ សហរដ្ឋអាម៉េរិក សិង្ហបុរី ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ និងម៉ាឡេស៊ី។ លើសពីនេះ ប្រទេសប្រដាប់ដោយអាវុធប្រល័យលោកទាំង២ [ចិន និងឥណ្ឌា] កំពុងចូលរួមក្នុងកម្មវិធីសមយុទ្ធជំនួយមនុស្សធម៌។
ទន្ទឹមនឹងនេះ អូស្ត្រាលីកំពុងចូលរួមសមយុទ្ធនៅក្នុងផ្នែកបញ្ជា និងការគ្រប់គ្រង (C2)។ ប្រទេសចំនួន១០ កំពុងចូលរួមជាផ្នែកមួយនៃក្រុមបង្កើនផែនការពហុជាតិសាសន៍ (MPAT) ខណៈរទេសចំនួន១០ផ្សេងទៀតកំពុងចូលរួមជាប្រទេសអ្នកសង្កេតការណ៍ នាំឱ្យចំនួនប្រទេសដែលបានចូលរួមសរុបដល់ទៅ៣០ និងមានយោធាជាង៨១៩៤នាក់ចូលរួម។
សមយុទ្ធយោធាពស់វែកមាសឆ្នាំ២០២៥ មានធាតុផ្សំសំខាន់ៗចំនួនបី។ លំហាត់បញ្ជាការ និងត្រួតពិនិត្យ (C2X) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ផ្តោតលើការបណ្តុះបណ្តាលកម្រិតបុគ្គលិក។ នៅឆ្នាំនេះ សមយុទ្ធនឹងបង្ហាញអំពីវិមាត្រថ្មីដែលទាក់ទងនឹងប្រតិបត្តិការតាមអ៊ីនធឺណិត និងអវកាស ដោយធានាបាននូវការបណ្តុះបណ្តាលទំនើបកម្ម ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតឡើងប្រកបដោយប្រសិទ្ធភាព។ កម្មវិធីជំនួយពលរដ្ឋមនុស្សធម៌ (HCA) បានចាប់ផ្តើមនៅថ្ងៃទី៦ ខែកុម្ភៈ ហើយដំណើរការរហូតដល់ថ្ងៃទី៧ ខែមីនា។ វាក៏រួមបញ្ចូលផងដែរនូវការបណ្តុះបណ្តាលជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) ដែលត្រូវបានរចនាឡើង ដើម្បីបង្កើនការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយធម្មជាតិ និងស្ថានភាពគ្រាអាសន្ន។ លំហាត់ទីវាលនឹងក្លែងធ្វើសេណារីយ៉ូក្នុងជីវិតពិត ដូចជាការជួយសង្គ្រោះអគារដួលរលំ ការសង្គ្រោះទឹក ការពន្លត់អគ្គិភ័យ និងការគ្រប់គ្រងសម្ភារមានគ្រោះថ្នាក់។
គួរជម្រាបថា សមយុទ្ធពស់វែកមាស បានចាប់ផ្តើមនៅឆ្នាំ១៩៨២ គឺជាសមយុទ្ធយោធាពហុភាគីដំណើរការយូរជាងគេបំផុតរបស់ពិភពលោក និងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ បម្រើជាវេទិកាដ៏សំខាន់សម្រាប់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងការពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់អាស៊ីនៅពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន។ សមយុទ្ធពស់វែកមាស ជារឿយៗត្រូវបានចាត់ទុកជាសូចនាករនៃភាពរឹងមាំនៃទំនាក់ទំនងអាម៉េរិក-ថៃ៕




