កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារទឹកអន្តរជាតិសម្រាប់បម្រើឱ្យការធ្វើដំណើរកម្សាន្តតាមផ្លូវសមុទ្រយ៉ាងសំខាន់

ភ្នំពេញ៖ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី ២២កុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ នឹងក្លាយជាច្រកទ្វារទឹកអន្តរជាតិសម្រាប់បម្រើឱ្យការធ្វើដំណើរកម្សាន្តតាមផ្លូវសមុទ្រយ៉ាងសំខាន់ ជាមួយការដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទស្សនាតាមបណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត ទៅកាន់ច្រកទ្វារទេសចរណ៍ពិភពលោក។
ប្រភពបានបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានបើកដំណើរការបណ្តោះអាសន្នរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១២ធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២មីនា ឆ្នាំ២០២៥ ។ កំពង់ផែនេះ ក៏នឹងជួយឱ្យមានការអភិវឌ្ឍលើវិស័យទេសចរណ៍ ព្រមទាំងផ្នែកពាក់ព័ន្ធនានានៅក្នុងខេត្តកំពត ជាពិសេសគឺទីតាំងទេសចរណ៍របស់ខេត្តធំៗ រួមមាន៖ រមណីដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ទរបស់កម្ពុជា។
សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ចាប់ផ្តើមគម្រោងសាងសង់កាលពីឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង៤ហិកតា។ កំពង់ផែនេះ ត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមទំហំទឹកប្រាក់ជាង១៨លានដុល្លារអាម៉េរិក អាចផ្ទុកភ្ញៀវទេសចរ និងអ្នកដំណើរប្រមាណ១លាននាក់៕

