អាមេរិក គ្រោងកាត់បន្ថយចំនួនបុគ្គលិកការទូតរបស់ខ្លួន នៅចិនរហូតដល់១០ភាគរយ

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកគ្រោងកាត់បន្ថយចំនួនបុគ្គលិកការទូតរបស់ខ្លួននៅក្នុងប្រទេសចិនរហូតដល់១០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។
អ្នកការទូតអាម៉េរិកដែលបំពេញភារកិច្ចនៅចិនដីគោក និងហុងកុង ក៏ដូចជាបុគ្គលិកក្នុងស្រុក នឹងត្រូវបានផ្តល់សេចក្តីជូនដំណឹងនៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ជុំវិញការកាត់បន្ថយទំហំបេសកកម្មការទូតនៅរដ្ឋធានីប៉េកាំង ខណៈការណ៍នេះគឺមិនធ្លាប់មានពីមុនមកឡើយ។ ការកាត់បន្ថយទំហំការទូតនេះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានទូតអាម៉េរិកនៅរដ្ឋធានីប៉េកាំង និងស្ថានកុងស៊ុលនៅទីក្រុងក្វាងចូវ សៀងហៃ សេនយ៉ាង និងវូហាន ក៏ដូចជាស្ថានកុងស៊ុលនៅទីក្រុងហុងកុងផងដែរ។ នេះបើយោងតាមកាសែត South China Morning Post។
យ៉ាងណា វាមិនច្បាស់ទេថា តើអ្នកទទួលរងផលប៉ះពាល់ពីបញ្ហានេះនឹងមាននៅកន្លែងផ្សេងទៀតនៅក្នុងសេវាកម្មការទូតឬក៏អត់ ប៉ុន្តែគេរំពឹងថា ការកាត់បន្ថយទំហំការទូតជាមួយមហាយក្សចិន នឹងមានការបញ្ឈប់ការងារជាច្រើនកន្លែង។ កន្លងទៅ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យស្ថានទូតអាម៉េរិកទូទាំងពិភពលោក រៀបចំផែនការសម្រាប់ការកាត់បន្ថយចំនួនបុគ្គលិក ខណៈរដ្ឋបាល ត្រាំ ព្យាយាមស្ដារអង្គភាពការទូតឡើងវិញ។ លោក ត្រាំ និងមហាសេដ្ឋីចិត្តដាច់ អ៊ីឡុន ម៉ាស បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាជាងខ្ជះខ្ជាយឥតប្រយោជន៍។
គួរជម្រាបថា សហរដ្ឋអាម៉េរិកមានទំហំកម្លាំងការទូតដ៏ធំមួយនៅប្រទេសចិន ដែលមានទីតាំងស្ថិតនៅរដ្ឋធានីប៉េកាំងជាមួយនឹងទំហំ១០ហិចតា ហើយមានអគារចំនួន៦ខ្នង រួមទាំងសំណង់ទីតាំងផុសឡើងថ្មីៗ ដែលបានបញ្ចប់ក្នុងឆ្នាំ២០១៦។ យោងតាមគេហទំព័ររបស់ស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាម៉េរិកក្នុងប្រទេសចិន អគារស្ថានទូតអាម៉េរិកនៅរដ្ឋធានីប៉េកាំងមានបុគ្គលិកជាង១៣០០នាក់ និងបុគ្គលិកជួលក្នុងស្រុកដែលតំណាងឱ្យភ្នាក់ងារសហព័ន្ធសហរដ្ឋអាម៉េរិកប្រមាណ៥០ផ្សេងគ្នា៕

