ប្រជាពលរដ្ឋជាង១,៧០០គ្រួសារ នៅសង្កាត់ប៉ោយប៉ែត ថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង ២០ឆ្នាំ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង១,៧០០គ្រួសារ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានសម្តែងនូវក្តីសប្បាយរីករាយស្ទើរស្រក់ទឹកភ្នែក នៅពេលដែលទទួលបានការដោះស្រាយវិវាទដីធ្លី រ៉ាំរ៉ៃជាង២០ឆ្នាំ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះដោះស្រាយសម្របសម្រួលបញ្ចប់ដោយជោគជ័យ។
ក្រោយពីបានដោះស្រាយនូវជម្លោះដីធ្លីរ៉ាំរ៉ៃជាង២០ ឆ្នាំមកនេះ ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម បណ្ឌិត ប៉ាន់ ខែមប៊ុនថន រួមនឹងក្រុមការងារបានរៀបចំ ពីធីជួបជុំសំណសំណាល និងពិសានំបញ្ចុកសាមគ្គីសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋជាង១,៧០០គ្រួសារនៅក្នុងបរិវេណវត្តទំនប់ក៥។
អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋ រំភេីបស្ទេីរស្រក់ទឹកភ្នែកឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឆ្លៀតពេលដ៏មានតម្លៃយ៉ាងមមាញឹក ខលជួបសន្ទនា ជួបសំណេះសំណាលផ្ទាល់ជាមួយលោកយាយ លោកតា ពូ មីង បងប្អូន ប្រជាពលរដ្ឋ ដែលទេីបបញ្ចប់វិវាទរ៉ាំរ៉ៃប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ឆ្លេីយតបនឹងមនោសញ្ចេតនានៃទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បងប្អូនប្រជាពលរដ្ឋដែលទេីបបញ្ចប់វិវាទរ៉ាំរ៉ៃនៅភូមិទំនប់ក៥ បានសម្តែងអារម្មណ៍រីករាយត្រេកអររហូតស្រក់ទឹកភ្នែករលីងរលោងលាយឡំនឹងស្នាមញញឹមប្រកបដោយក្តីរំភេីបសប្បាយយ៉ាងក្រៃលែង។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានទទួលលទ្ធផលជាទីពេញចិត្ត ដោយបានបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកនេះទាំងស្រុង តាមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យឯកឧត្តម ដឹកនាំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំជូនបងប្អូនប្រជាពលរដ្ឋ តាមបែបឈ្នះឈ្នះ។
ក្នុងឱកាសដ៏រំភេីប សប្បាយរីករាយបងប្អូនប្រជាពលរដ្ឋ បាននាំយកទាំងមាន់ទា បន្លែ ផ្លៃឈេីជាដេីម ដែលជាភោគផលពួកគាត់បាន ចិញ្ចឹម ដាំដុះ មេីលថែតាមផ្ទះ មកគោរពផ្ញេីជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ទុកជាវត្ថុភ្ជាប់និស្ស័យកំដរដៃ បញ្ជាក់ អំពីចំណងទឹកចិត្តគោរពស្រលាញ់ ដ៏ស្ម័គ្រស្មោះ និងការដឹងគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ក្នុងការដោះស្រាយវិវាទដីធ្លីជូនពួកគាត់ទទួលបាននូវជោគជ័យផ្លែផ្កា ដែលការរង់ចាំរយៈពេលជាង២០មកនេះ៕

