ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់កម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ កៃ ដេ ហ្គាម៉ិន ឯ.ក ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងនាយកសហគ្រាស គ្រឹះស្ថាន សហជីព តំណាងកម្មករនិយោជិត (ប្រតិភូបុគ្គលិក) និងបានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ កៃ ដេ ហ្គាម៉ិន ឯ.ក (KAI DE GARMENT CO., LTD.) ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពទូទៅនៅក្នុងរោងចក្រនេះ ឯកឧត្តម ប្រាក់ ចាន់ធឿន វាយតម្លៃថា រោងចក្រនេះបានអនុវត្តត្រឹមត្រូវស្របតាមច្បាប់ការងារ និងមានភាពល្អប្រសើរ ទាំងលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត រួមទាំងមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕