សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីនអំពីការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា និងហ្វីលីពីន
ភ្នំពេញ៖ ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អំឡុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាជាមួយឯកឧត្ដម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន អំពីការបង្កើនជើង ហោះហើរត្រង់រវាងកម្ពុជា និងហ្វីលីពីន ដោយបន្ថែមទិសដៅ សៀមរាប-សេប៊ូ, សេប៊ូ-សៀមរាប, ភ្នំពេញ-សេប៊ូ, សេប៊ូ-ភ្នំពេញ។
ឯកឧត្ដម សូ ណារ៉ូ បានឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់ទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រឡប់មកដល់មាតុភូមិវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា អំឡុងសម្ដេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន សម្ដេចបានអញ្ជើញឯកឧត្ដមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាតាមពេលវេលាសមស្រប។
ឯកឧត្ដម សូ ណារ៉ូ បន្ថែមថា មន្ត្រីជាន់ខ្ពស់ហ្វីលីពីនបានលើកជាគំនិតចង់អញ្ជើញប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីននៅឆ្នាំ២០២៧ ដើម្បីអបអរសាទរខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីនផងដែរ៕