អភិបាលរងខេត្តឧត្តរមានជ័យ ដឹកនាំមន្ត្រីជំនាញ ចុះលើកផ្លាកសេចក្តីជូនដំណឹងស្តីពីការ ហាមឃាត់ការចូលអាស្រ័យផល និងការទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ

ភ្នំពេញ៖ លោក ហោ ជិនវិរៈយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធ ចុះលើកផ្លាកសេចក្តីជូនដំណឹងស្តីពីការ ហាមឃាត់ការចូលអាស្រ័យផល និងការទន្ទ្រានកាន់កាប់ដីសាធារណៈរបស់រដ្ឋ (ចុះបញ្ជីដីរដ្ឋ) ដីអតីតក្រុមហ៊ុន អង្គរស៊ូហ្គឺរ ដែលបានប្រគល់ជូនរដ្ឋវិញ ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងសំរោង បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជ្រាបថា ទីតាំងដីអតីតក្រុមហ៊ុន អង្គរស៊ូហ្គឺរ ស្ថិតនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ដែលបានប្រគល់ជូនរដ្ឋវិញ ត្រូវបានចុះបញ្ជី ដីរដ្ឋ (ប្លង់រឹង) ជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ មានកាតព្វកិច្ច ក្នុងការអនុវត្តវិធានការដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការចូលទន្ទ្រានកាន់ កាប់ដីរដ្ឋដោយខុស ច្បាប់គ្រប់រូបភាព។
រដ្ឋបាលក្រុងសំរោង បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ សាធារណជនមួយចំនួនតូចនៅតែបន្តចូលអាស្រ័យផល បើទោះជាមានការជូនដំណឹងជាច្រើនលើកច្រើនសារហើយក៏ដោយ។ ករណីនេះ អ្នកដែលមានការពាក់ព័ន្ធ ទីតាំងដីរដ្ឋខាងលើ (ដូចមានគំនូសផែនទីភ្ជាប់ជូនជាមួយ) ទោះក្នុងទម្រង់ជាការអាស្រ័យផលក្តី ការទន្ទ្រានកាន់កាប់ឈូសឆាយបន្ថែមក្តី ឬជាសកម្មជននៅពីក្រោយសកម្មភាពទាំងនោះក្តី ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងចាកចេញពីទីតាំងដីរបស់រដ្ឋ។
ក្នុងឱកាសនោះ លោក ហោ ជិនវិរៈយុទ្ធ បានថ្លែងថា ដើម្បីចូលរួមទប់ស្កាត់ការទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ក្រុមការងារចំពោះកិច្ចនឹងចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់ជា លើកចុងក្រោយ ដោយកំណត់មុខសញ្ញាមេខ្លោង និងអ្នកចូលកាប់រានទន្ទ្រានដីរដ្ឋ ហើយអនុវត្តវិធានការច្បាប់ចំពោះ អ្នកមានការពាក់ព័ន្ធទីតាំងដីខាងលើ និងហាមឃាត់មិនឱ្យបន្តសកម្មភាពជាបន្តទៀតនោះទេ។ ក្នុងករណីដែលនៅតែបន្តប្រព្រឹត្តិល្មើសក្រុមការងារនឹងរៀបចំកសាង សំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន ដោយ គ្មានការលើកលែងទៀតឡើយ។
លោកអភិបាលរងខេត្ត បានថ្លែងបញ្ជាក់ទៀតថា ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្រីក្រគ្មានដីពិតប្រាកដ រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលអាចដាក់ពាក្យ ស្នើសុំដី (ដោយឥតគិតថ្លៃ) នៅសាលាសង្កាត់ដែលបងប្អូនរស់នៅ ដោយអ្នកស្នើសុំដី ត្រូវធ្វើលិខិតស្វ័យប្រកាសជូនរដ្ឋបាលសង្កាត់ពិនិត្យលើពាក្យស្នើសុំជាមុន ៕

