ប្រធានាធិបតីអ៊ុយក្រែន និយាយថា កងទ័ពកូរ៉េខាងជើង បានត្រឡប់មកវិញសាជាថ្មី នៅសមរភូមិជួរមុខ ក្នុងតំបន់ Kursk របស់រុស្ស៊ី

កៀវ៖ កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងទ័ពកូរ៉េខាងជើង បានត្រឡប់មកវិញសាជាថ្មី នៅសមរភូមិជួរមុខ ក្នុងតំបន់ Kursk នៃប្រទេសរុស្ស៉ី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងមូស្គូ បានដកថយពួកគេពីសមរភូមិ ដោយសារការរងរបួស និងបាត់បង់ជីវិតធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់ បានប្រាប់ AFP កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ទីក្រុងកៀវមិនបានឃើញសកម្មភាព ឬប៉ះទង្គិចជាមួយទាហានកូរ៉េខាងជើង អស់រយៈពេលប្រមាណជា ៣សប្តាហ៍មកហើយ។ យ៉ាងណាមិញ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ហ្សេលេនស្គី ក៏បានឱ្យដឹងថា មានការវាយលុកថ្មីៗ នៅក្នុងតំបន់ Kursk ហើយកងទ័ពកូរ៉េខាងជើង បានបង្ហាញវត្តមាន សាជាថ្មី។
គួរបញ្ជាក់ថា បើតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង និងក្រុមលោកខាងលិច ទាហានច្រើនជាង១០ ០០០នាក់ មកពីកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៉ី កាលពីឆ្នាំមុន ដើម្បីជួយទីក្រុងមូស្គូ វាយបណ្តេញកងកម្លាំងរបស់អ៊ុយក្រែន ដែលបានឆ្មក់វាយលុកចូលកាន់កាប់ផ្នែកមួយចំនួន នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី៕
