សម្តេចធិបតី ប្រតិកម្មចំពោះក្រុមមនុស្សដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសាសនា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រតិកម្មចំពោះក្រុមមនុស្សដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសាសនា និងអំពាវនាវឱ្យបញ្ឈប់សកម្មភាព។
ជាមួយគ្នានេះ សម្តេចធិបតី បានអរគុណដល់ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងមហាផ្ទៃ ដែលបានចាត់វិធានការបន្តបន្ទាប់ លើអ្នកដែលធ្វើឲ្យប៉ះពាល់តម្លៃវប្បធម៌ និងសាសនា។
សូមរំលឹកថា ថ្មីៗនេះ ឧកញ៉ាមួយរូបឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានធ្វើសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។
ស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក៕

