សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយ នៃជីវិតប្រចាំថ្ងៃរបស់យើង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខណៈបរិវត្តកម្មឌីជីថល គឺជាការឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗ តាមយរៈការប្រែប្រួលនៃប្រព័ន្ធឌីជីថល ។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទ “សន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍” នាថ្ងៃទី៦ កុម្ភៈនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលបានជំរុញល្បឿនការងារទាំងក្នុងវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ខណៈនៅកម្ពុជាវិស័យបច្ចេកវិទ្យាឌីជីថល កំពុងបន្តរីកលូតលាស់យ៉ាងលឿនក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផលយ៉ាងច្រើនពីបច្ចេកវិទ្យាឌីជីថល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្ដល់សេវាតាមអនឡាញនានា បានលឿន រហ័ស ៕

