ប្រធានាធិ បតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឱ្យអ៊ុយក្រែនផ្គត់ផ្គង់ធនធានរ៉ែកម្រ ដើម្បីដូរយកជំនួយ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិ បតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ បាននិយាយថា លោកចង់ចរចាជាមួយអ៊ុយក្រែនតម្រូវ ឱ្យទីក្រុងកៀវធានាឱ្យបាននូវការផ្គត់ផ្គង់ធនធានរ៉ែកម្រ ដែលជាសមាសធាតុដ៏សំខាន់នៅក្នុងឧបករណ៍អេឡិកត្រូនិក ដើម្បីដូរយកជំនួយពីសហរដ្ឋអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតដូចដែលលោក ត្រាំ បានលើកឡើងខាងលើជាផ្នែកមួយ នៃផែនការជ័យជម្នះរបស់លោក ក្នុងការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងសម្លឹងមើលការចុះកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដែលនឹងធានាថាពួកគេនឹងផ្គត់ផ្គង់ត្រឡប់មកវិញនូវរ៉ែកម្រ ឬធនធានដទៃទៀត ជាថ្នូរដោះដូរនឹងជំនួយដែលយើងផ្ដល់ឱ្យពួកគេ»។
នៅពេលត្រូវសាកសួរបញ្ជាក់ដោយអ្នកកាសែតម្នាក់ ថាតើលោកចង់ឱ្យអ៊ុយក្រែនផ្ដល់ធនធានឱ្យសហរដ្ឋអាមេរិក? លោក ត្រាំ បានឆ្លើយថា «ពិតណាស់ ខ្ញុំចង់បានរ៉ែកម្រ»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន បានបញ្ចូលការការពារធនធានធម្មជាតិរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងរ៉ែកម្រដែលតម្លៃរាប់ទ្រីលានដុល្លារ ទៅក្នុងផែនការជ័យជម្នះរបស់លោក ជាមួយការអះអាងថាលោកនឹងជំរុញឱ្យប្រទេសជាដៃគូលោកខាងលិចការពារធនធានធម្មជាតិសំខាន់ៗរបស់អ៊ុយក្រែន ហើយចូលរួម វិនិយោគ និងទាញយកប្រយោជន៍រួមគ្នាសម្រាប់សក្តានុពលសេដ្ឋកិច្ច៕
