ឯកឧត្តម ចាន់ យុត្ថា អញ្ជើញចុះពិនិត្យការងារ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រមាណ ៥៧២ ហិកតា និងជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ម្កាក់ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និង ជាប្រធាន សម្របសម្រួល ការងារគ្រប់គ្រង ធនធានទឹក និង ឧតុនិយម ខេត្តព្រះវិហារ ខេត្តសៀមរាប និង ខេត្តកំពង់ធំ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ទំនប់ម្កាក់ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដី ភូមិ ឃុំ និងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង ៦។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នាពេលនេះគឺដើម្បីពិនិត្យស្ថានភាពទឹកជាក់ស្តែង ការងារបូមទឹកអន្តរាគមន៍ និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំង ផ្តល់អនុសាសន៍ដល់សមាជិក សមាជិកា សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ទាំង៦ ឱ្យយកចិត្តទុកដាក់លើ ការថែទាំ និងការ គ្រប់គ្រងប្រព័ន្ធធារាសាស្រ្តឱ្យមាននិរន្តរភាពយូរអង្វែង។
សូមជម្រាបថា កិច្ចជំនួបសំណេះសំណាលនេះផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ ទី១)ពន្យល់ណែនាំដល់កសិករឱ្យដឹងពីបរិមាណទឹកដែលមាននៅក្នុងអាង និងការចូលរួមថែរក្សាប្រព័ន្ធធារាសាស្រ្ត ទី២)ពន្យល់ណែនាំ និងផ្តល់បច្ចេកទេសថែទាំទំនប់ ប្រឡាយ ជួសជុលទ្វារទឹក និងការគ្រប់គ្រង ការបែងចែកទឹកដោយមានកាលវិភាគបែងចែកទឹកឱ្យបានច្បាស់លាស់ស្របទៅតាមតម្រូវការចាំបាច់ ទី៣)ណែនាំសមាជិក សមាជិកាស.ក.ប.ទ. ក្នុងការសម្របសម្រួលដោះស្រាយជម្លោះដែលកើតមានក្នុងសហគមន៍ ទី៤)ពន្យល់ណែនាំដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការថែរក្សាបរិស្ថានស្អាតល្អ នៅតាមទំនប់ តាមអាងទឹក និងតាមប្រព័ន្ធប្រឡាយស្រោចស្រព ទី៥)ផ្សព្វផ្សាយដល់សមាជិក សមាជិកាស.ក.ប.ទ. ពីការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ទី៦)ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ចូលរួមសហការជាមួយស.ក.ប.ទ. ក្នុងការប្រមូលសេវាកម្មទឹក ទី៧)ផ្សព្វផ្សាយអំពីគោលការណ៍ណែនាំចំនួន៥ របស់ក្រសួងធនធានទឹក និងឧតុនិយមដល់ស.ក.ប.ទ. ឱ្យបានយល់ដឹង និង ទី៨)ផ្សព្វផ្សាយ និងបញ្ជ្រាបការងារយេនឌ័រក្នុងស.ក.ប.ទ. ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកា ស.ក.ប.ទ. បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលបានដាក់ម៉ាស៊ីនបូមទឹកពីអាងទឹកម្កាក់ ដើម្បីជួយសង្រ្គោះស្រូវប្រាំង ប្រជាពលរដ្ឋប្រមាណ ៥៧២ ហិកតា ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប ផងដែរ៕

