ឧបនាយករដ្ឋមន្ត្រីថៃ៖ ប្រទេសថៃ និងប្រទេសជិតខាងត្រូវតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាវិបត្តិកង្វក់ខ្យល់

បាងកក៖ លោក ភូមិថាំ វេចយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែមករាថា ប្រទេសថៃ និងប្រទេសជិតខាងត្រូវតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាវិបត្តិកំហាប់ភាគល្អិតនិចល PM2.5។
លោក ភូមិថាំ បានបញ្ជាក់ថា លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ ហើយបានសន្យាថា នឹងចាត់វិធានការដើម្បីដោះស្រាយវា។
លោក ភូមិថាំ ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តទៀតថា៖«នេះគឺជាបញ្ហាធំមួយ ហើយវាត្រូវតែដោះស្រាយនៅកម្រិតអន្តរជាតិ ខណៈគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសក៏ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយផងដែរ»។
លោកបានចូលរួមកិច្ចប្រជុំនៅប្រទេសវៀតណាម កាលពីប៉ុន្មានសប្តាហ៍មុន ហើយបានស្វែងយល់បន្ថែមអំពីរបៀបដែលប្រទេសជិតខាងកំពុងប្រឈមជាមួយវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 ដែលកាន់តែអាក្រក់ទៅៗ។
ឧបនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា ចំណុចក្ដៅ (hotspots) ជាច្រើនត្រូវបានគេរកឃើញនៅក្នុងប្រទេសជិតខាង ហើយថាក្រសួងការបរទេសត្រូវតែសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយប្រទេសជិតខាងរបស់ប្រទេសថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលអ័ព្ទឆ្លងដែន។ នៅពេលសួរថា តើក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធអាចជួយដោះស្រាយបញ្ហានេះដោយរបៀបណានោះ?
លោក ភូមិថាំ បានឆ្លើយថា លោកបានណែនាំដល់កងកម្លាំងប្រដាប់អាវុធឱ្យមានឧបករណ៍ដូចជាយន្តហោះគ្មានមនុស្សបើក ដើម្បីត្រៀមជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងដែលបង្កឡើងដោយកសិកម្មព្រៃដុត។
លោកបានបន្ថែមថា ក្រសួងធនធានធម្មជាតិ និងបរិស្ថាន បែងចែកថវិកាជាង៤០០លានបាត ដល់ភ្នាក់ងារក្នុងស្រុក ដើម្បីដោះស្រាយភ្លើងឆេះព្រៃដែលបង្កឡើងដោយមនុស្ស
អភិបាលរាជធានីបាងកក លោក ឆាដឆាដ សិទ្ធិភុន (Chadchart Sittipunt) បាននិយាយថា បញ្ហាបំពុល PM2.5 នៅក្នុងរាជធានីគឺបណ្តាលមកពីផ្សែង ដែលផ្សំឡើងដោយផ្សែងពីការដុតកាកសំណល់នៅក្នុងខេត្តជិតៗ និងចរាចរខ្យល់មិនល្អនៅក្នុងរាជធានី។
លោកបន្តថា អ្វីដែលរដ្ឋបាលរាជធានីបាងកក ឬហៅកាត់ថា BMA អាចធ្វើបានដើម្បីកាត់បន្ថយកំហាប់ភាគល្អិតនិចល PM2.5 គឺគ្រប់គ្រងការបំភាយឧស្ម័នចេញយានយន្ត។
លោក ឆាដឆាដ បន្ថែមថា វិធានការមួយគឺហាមឃាត់រថយន្តដឹកទំនិញកង់ប្រាំមួយដែលមិនចុះបញ្ជី ឬរថយន្តធំជាងនេះមិនឱ្យចូលទៅក្នុងតំបន់បញ្ចេញឧស្ម័នទាបក្នុងសង្កាត់ចំនួន៩ នៃរាជធានី។ គោលការណ៍ នេះ បាន ចូល ជា ធរមាន កាលពី ម្សិលមិញ។
កាមេរ៉ាសុវត្ថិភាពសរុបចំនួន២៥៩ គ្រឿងដែលបំពាក់ដោយបច្ចេកវិទ្យា AI នឹងត្រូវប្រើដើម្បីឃ្លាំមើលរថយន្តដឹកទំនិញដែលបំពានការហាមឃាត់។ អភិបាលរាជធានីបាងកកបានឱ្យដឹងថា រហូត មក ដល់ ពេល នេះ មាន រថយន្ត ដឹក ជញ្ជូន ជាង ២០០០ គ្រឿង ត្រូវ បាន ចុះ បញ្ជី។ មជ្ឈមណ្ឌលទិន្នន័យគុណភាពខ្យល់របស់ BMA បានបង្ហាញថាកំហាប់ PM2.5 នៅទូទាំងរាជធានីនៅតែស្ថិតក្នុងកម្រិតមិនល្អកាលពីម្សិលមិញ ដែលជាមធ្យម៧១ មីក្រូក្រាមក្នុងមួយម៉ែត្រគូប៕

