ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួងសាធារណការ គិតគូតភ្ជាប់ផ្លូវដែក ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលិទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មី នៅស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត និងពិនិត្យបន្ថែមទៅលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលត្រូវការបន្ថែមតភ្ជាប់ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាមួយនឹងប្រព័ន្ធផ្លូវដែក ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង អភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅតាមតំបន់សំខាន់ៗ លើការដឹកជញ្ជូនទំនិញ ពីតំបន់មួយទៅកាន់តំបន់មួយ ។
សម្តេចធិបតី ឱ្យក្រសួងសាធារណការ ពិនិត្យបន្ថែមទៀត លើការសហការជាមួយភាគីថៃ ដើម្បីជំរុញការអភិវឌ្ឍកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍ ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មី នៅស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត ។
ក្នុងនោះដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យក្រសួងសហការពិនិត្យមើលជាមួយនឹងខាង CDC ក៏ដូចជាខាងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីសិក្សាមើលមួយជំហាន នៅគគរ ដែលគ្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលជៀសមិនផុតពីការដឹកជញ្ជូនទៅខេត្តព្រះសីហនុ ឬមួយទៅច្រកប៉ោងប៉ែត ដូច្នេះការដឹកជញ្ជូនត្រូវមានពហុមធ្យោបាយ អន្តរមធ្យោបាយ ៕

