ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្ស
ភ្នំពេញ៖ ដើម្បីជួយសង្គ្រោះជីវិតមនុស្សប្រកបដោយមនុស្សធម៌ ក្នុងករណីកើតមានគ្រោះថ្នាក់ផ្សេងៗកើតឡើងដែលត្រូវការឈាមជាចាំបាច់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារបរិច្ចាគឈាមជូនមន្ទីរពេទ្យបង្អែកខេត្ត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការបរិច្ចាគឈាមនេះ គឺជាព្រឹត្តការណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តធ្វើឡើងដើម្បីសង្រ្គោះ ជនរងគ្រោះ ឬអ្នកជំងឺដែលត្រូវការឈាម និងបំពេញតំរូវការរបស់មន្ទីរពេទ្យខេត្ត ហើយក៏បាន ចូលរួមចំណែកក្នុងការចែកចាយដល់មន្ទីរពេទ្យក្រៅខេត្តដែលត្រូវការឈាមផងដែរ។
ឯកឧត្ដម បន្តថា ការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង, បន្ថយការឡើងទម្ងន់, និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវ ឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ជូនមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅក្នុងមូលដ្ឋានរបស់បងប្អូន ឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រើប្រាស់ជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមបន្ទាន់ផងដែរ៕