កម្ពុជា-ហ្វីលីពីន ជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ដើម្បីពិភិក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានពិនិត្យលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនការចុះហត្ថលេខាកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នានេះក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ភាគីទាំងពីរក៏បានឯកភាពជំរុញរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីន ក្នុងពេលដ៏ខ្លីខាងមុខ និងជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ ៕

