សម្ដេចធិបតី៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន ។
ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនដែលទុកបងប្អូនអតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ ។
សម្ដេចមហាបវរធិបតី បានបន្ថែមថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺរាជ រដ្ឋាភិបាលគ្រប់អាណត្តិតែងផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ។ ការយកចិត្តទុកជាសំខាន់ចំពោះអតីត យុទ្ធជនគឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ ចំណុចជាប្រចាំ ក្នុងនោះទី១ គឺជីវភាពរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ច ជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត។ ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់យកថ្ងៃទី២១ មិថុនា ដើម្បីប្រារព្ធទិវាអតីត យុទ្ធជនជារៀងរាល់ឆ្នាំ ៕

