ឯកឧត្តម ហេង ធូ៖ ក្នុងនាមជាអ្នកចុះជួយមូលដ្ឋាន ថ្នាក់ដឹកនាំភូមិ ត្រូវបន្តចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិរបស់ខ្លួន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រី ឯកឧត្តម ហេង ធូ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាអធិបតី នៃកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាឃុំខ្នារសណ្តាយ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥។
កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំងអស់ សមាជិកក្រុមការងារ ភូមិ ឃុំ ស្រុក ខេត្ត សរុបប្រមាណជាង១០០នាក់។
ក្នុងពិធីនេះ ឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ក្នុងឱកាសនៃកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ហេង ធូ បានលើកឡើងថា ក្នុងនាមជាអ្នកចុះជួយមូលដ្ឋាន ថ្នាក់ដឹកនាំភូមិ ត្រូវបន្តចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ត្រូវដឹងពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិរបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថេរ និងរីកចំរើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន។ គណបក្សបានប្រកាន់ភ្ជាប់ឥតប្រែប្រួលនូវគោលបំណងនិងឧត្តមគិតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខ ជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីជាតិនិងប្រជាជន៕

